ការរួមបញ្ចូលដំណោះស្រាយពាក់ព័ន្ធនឹងខ្យល់បរិសុទ្ធក្នុងអគារពាណិជ្ជកម្មនាពេលអនាគត

ជំងឺឆ្លងជាសកលនេះបានជំរុញវិស័យបដិសណ្ឋារកិច្ចឱ្យយកចិត្តទុកដាក់កាន់តែខ្លាំងលើខ្យល់បរិសុទ្ធ ដើម្បីរក្សាសុវត្ថិភាពសម្រាប់អតិថិជន និងបុគ្គលិក។
អត្ថបទដោយ David Blecken
រូបថតដោយ Gregori Civera
មនុស្សយើងភាគច្រើនយល់ពីតម្រូវការនៃការកាត់បន្ថយការបញ្ចេញសំណល់កាបូន ប៉ុន្តែវាអាចនឹងពិបាកយល់អំពីដំណោះស្រាយដែលត្រឹមត្រូវ ដោយមិនធ្វើឱ្យមានផលប៉ះពាល់អវិជ្ជមានមកលើគុណភាពជីវិត។ ក្នុងនាមជានាយកផ្នែកប្រតិបត្តិការរបស់ Quimera Energy Efficiency បេសកកម្មរបស់ Jose Luis Cárdenas Dueñas គឺចូលរួមចំណែកក្នុងការជួយឱ្យបរិយាកាសផែនដីកាន់តែបរិសុទ្ធ នេះគឺជាមហិច្ឆតាផ្ទាល់ខ្លួនដែលបានប្រែក្លាយទៅជាមហិច្ឆតាក្នុងអាជីព។
Quimera ជួយឱ្យក្រុមហ៊ុននានា ដែលដំណើរការអគារពាណិជ្ជកម្មកាត់បន្ថយទាំងការចំណាយ និងសំណល់កាបូន។ ក្រៅពីការប្រឹក្សាដែលផ្ដល់ដំបូន្មានជាទ្រឹស្ដី ក្រុមហ៊ុន Quimera ផ្ដល់គំរូទូទាត់ប្រាក់ដោយផ្អែកលើប្រតិបត្តិការ ដែលថ្លៃសេវាត្រូវបានផ្សារភ្ជាប់ដោយផ្ទាល់ជាមួយការសន្សំសំចៃចំណាយ និងថាមពល ដើម្បីជួយឱ្យអាជីវកម្មទទួលបានជោគជ័យ។
"ប្រសិនបើសំណើរបស់យើងមិនបានសម្រេច យើងនឹងមិនទទួលបានប្រាក់ទេ" លោក Dueñas និយាយដោយភាពម៉ឺងម៉ាត់។
ដោយមានមូលដ្ឋាននៅទីក្រុងឡុងដ៏ Quimera ប្រតិបត្តិការនៅក្នុងទីផ្សារប្រាំ ដែលរួមមានទីក្រុងបាសេឡូណា ម៉ៃអាមី ដូបៃ និងសៀងហៃ។ វិស្វកររបស់ក្រុមហ៊ុននេះត្រួតពិនិត្យ និងវិភាគលើការប្រើប្រាស់ថាមពលរបស់អគារ ដើម្បីកំណត់បាននូវវិធីដ៏ល្អបំផុតក្នុងការគ្រប់គ្រងការប្រើប្រាស់ថាមពលរបស់វា។ ដំណោះស្រាយអាចរួមបញ្ចូលការរៀបចំរុក្ខជាតិដើម្បីផ្ដល់ភាពត្រជាក់ឱ្យបានប្រសើរបំផុត ការគ្រប់គ្រងប្រព័ន្ធខ្យល់ចេញចូលដោយផ្អែកលើវត្តមានមនុស្ស និងអំពូលភ្លើងផ្អែកតាមតម្រូវការដែលគ្រប់គ្រងដោយ AI។ គ្មានរូបមន្តជាក់លាក់ដើម្បីទទួលបានជោគជ័យទេ ប៉ុន្តែការរៀបចំដែលត្រឹមត្រូវអាចជួយកាត់បន្ថយការប្រើប្រាស់ថាមពលចន្លោះពី 15% ទៅ 20% បានយ៉ាងងាយស្រួល ដោយជាធម្មតាអាចសង្កេតឃើញលទ្ធផលចន្លោះពីបីទៅប្រាំខែ បន្ទាប់ពីការរៀបចំនេះ។
Dueñas ពិភាក្សានៅទីក្រុងបាសេឡូណាអំពីរបៀបដែលជំងឺឆ្លងជាសកលនេះបានផ្លាស់ប្ដូរកម្រិតនៃការយល់ដឹងអំពីសារៈសំខាន់នៃខ្យល់បរិសុទ្ធចំពោះអ្នកគ្រប់គ្រងអគារ និងសាធារណៈ និងរបៀបដែលកន្លែងធ្វើអាជីវកម្មនាពេលអនាគតអាចនឹងរួមបញ្ចូលបច្ចេកវិទ្យាបន្សុទ្ធខ្យល់ទៅក្នុងការរចនារបស់ពួកគេ។
បង្កើតតុល្យភាពនៃការប្រើប្រាស់ថាមពលប្រកបដោយផាសុកភាព
តើបញ្ហាធំបំផុតអ្វីខ្លះដែលសណ្ឋាគារ និងអគារពាណិជ្ជកម្មផ្សេងៗប្រឈមពាក់ព័ន្ធនឹងប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល។
អគាររួមចំណែកក្នុងការបញ្ចេញសំណល់កាបូនក្នុងកម្រិត 40% ហើយសណ្ឋាគារគឺជាកន្លែងដែលប្រើប្រាស់ថាមពលច្រើនបំផុត ដោយសារវាដំណើរការឥតឈប់ឈរ 24 ម៉ោងក្នុងមួយថ្ងៃ 365 ថ្ងៃក្នុងមួយឆ្នាំ។ ប្រសិនបើយើងអាចកាត់បន្ថយការប្រើប្រាស់ថាមពលសម្រាប់អគារទាំងនោះ យើងអាចចូលរួមចំណែកយ៉ាងធំធេងក្នុងកិច្ចប្រឹងប្រែងជំរុញដល់និរន្តរភាពទាំងមូល។
តើអ្នកអាចផ្ដល់ឧទាហរណ៍មួយអំពីដំណោះស្រាយដែលអ្នកបានគ្រោងដែរទេ?
គ្មានអាថ៌កំបាំងអ្វីទេ។ ចំណុចមួយដែលខ្ញុំបានស្វែងយល់គឺថា គ្រប់ស្ថានភាពនិងគ្រប់អគារទាំងអស់ មានលក្ខណសម្បត្តិ និងក្បួនខ្នាតខុសៗគ្នា ក្នុងការគ្រប់គ្រង និងកែលម្អ។ ផ្នែកដែលប្រើប្រាស់ថាមពលច្រើនបំផុតគឺប្រព័ន្ធម៉ាស៊ីនត្រជាក់។ ជាការពិតណាស់ មនុស្សយើងត្រូវការផាសុកភាព។ យើងត្រូវតែស្វែងរកតុល្យភាពដែលត្រឹមត្រូវរវាងការចំណាយលើថាមពល និងលទ្ធផលនៃផាសុកភាពដែលយើងចង់ទទួលបាន។ ដើម្បីសម្រេចចំណុចនេះបាន អ្នកត្រូវតែត្រួតពិនិត្យ និងគ្រប់គ្រងប្រព័ន្ធជាច្រើន បើមិនដូច្នោះទេ អ្នកនឹងមិនអាចរកឃើញដំណោះស្រាយនៃតុល្យភាពរវាងប្រសិទ្ធភាព និងលទ្ធផលបានឡើយ។
តើអ្នកបានសង្កេតឃើញការផ្លាស់ប្ដូរដែលគួរឱ្យកត់សម្គាល់ពាក់ព័ន្ធនឹងសំណើរបស់អតិថិជនចាប់តាំងពីជំងឺឆ្លងជាសកលនេះបានចាប់ផ្ដើមដែរទេ?
ការផ្ដោតជាចម្បងរបស់យើងនៅ Quimera គឺជួយឱ្យអាជីវកម្មនានាកាត់បន្ថយចំណាយផ្នែកថាមពល និងសំណល់កាបូនរបស់ពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីជំងឺឆ្លងជាសកលនេះបានចាប់ផ្ដើម យើងបានទទួលការស្នើសុំកាន់តែច្រើនឱ្យប្រើឧបករណ៍ដែលមានភ្ជាប់អ៊ីនធឺណិតរបស់យើង ដើម្បីត្រួតពិនិត្យគុណភាពខ្យល់។ ការត្រួតពិនិត្យគុណភាពខ្យល់មានភាពចាំបាច់ក្នុងការធានាថា ខ្យល់ដែលយើងកំពុងស្រូបយកនៅក្នុងអគារមានភាពបរិសុទ្ធ។ វាមានសារៈសំខាន់បំផុត នៅពេលដែលអ្នករៀបចំសន្និបាតខ្នាតធំ ឬមានមនុស្សច្រើននៅក្នុងអគារ។ សូមបញ្ជាក់ម្ដងទៀតថា យើងត្រូវតែស្វែងរកតុល្យភាព និងធ្វើការវិនិច្ឆ័យឱ្យបានត្រឹមត្រូវអំពីរបៀបរៀបចំរចនាសម្ព័ន្ធប្រព័ន្ធខុសៗគ្នា។
ជំងឺឆ្លងជាសកលជំរុញឱ្យមានតម្រូវការខ្យល់បរិសុទ្ធ
តើជំងឺឆ្លងជាសកលនេះបានធ្វើឱ្យមនុស្សកាន់តែយល់ដឹងអំពីសារៈសំខាន់នៃគុណភាពខ្យល់ដែរទេ?
ប្រាកដណាស់។ មុនពេលជំងឺឆ្លងជាសកលនេះបានកើតឡើង មានក្របខណ្ឌផ្លូវច្បាប់ ដើម្បីធានាថាគុណភាពខ្យល់ក្នុងអគារអនុលោមតាមបទប្បញ្ញត្តិ ហើយវាគឺជាកាតព្វកិច្ចដែលត្រូវអនុវត្ត។ ប៉ុន្តែបន្ទាប់ពីមានជំងឺឆ្លងជាសកលនេះ និងសង្កេតឃើញរបៀបដែលជំងឺអាចឆ្លងរាលដាលតាមរយៈខ្យល់ មនុស្សទូទៅមានក្ដីបារម្ភអំពីបញ្ហានេះកាន់តែខ្លាំង។ ចំណុចនេះមានន័យថា មានការប្រើប្រាស់ម៉ាស៊ីនបន្សុទ្ធខ្យល់ និងប្រព័ន្ធយូវីកាន់តែច្រើន ដើម្បីបន្សុទ្ធខ្យល់ និងបង្កើនគុណភាពខ្យល់ជាទូទៅ។ ជាទូទៅ ទីផ្សារអឺរ៉ុបស្ថិតក្នុងចំណោមទីផ្សារឈានមុខគេក្នុងការទទួលស្គាល់អំពីសារៈសំខាន់នៃប្រព័ន្ធខ្យល់ចេញចូល និងគុណភាពខ្យល់ ប៉ុន្តែបច្ចុប្បន្ននេះ យើងក៏សង្កេតឃើញថា តំបន់ផ្សេងទៀតក៏កំពុងយកចិត្តទុកដាក់លើបញ្ហានេះផងដែរ។ ការរួមបញ្ចូលគ្នារវាងការយល់ដឹង និងបច្ចេកវិទ្យាកំពុងជំរុញឱ្យមានការវិវត្តក្នុងការដោះស្រាយបញ្ហានេះ។
តើសំណើទូទៅអ្វីខ្លះពាក់ព័ន្ធនឹងគុណភាពខ្យល់ ដែលអ្នកទទួលបានពីអតិថិជន?
ក្រៅពីការចង់បានខ្យល់បរិសុទ្ធ និងប្រព័ន្ធខ្យល់ចេញចូលដែលត្រឹមត្រូវ អាជីវកម្មនានាចង់រិះរកវិធីក្នុងការផ្ដល់ខ្យល់បរិសុទ្ធនេះមិនត្រឹមតែសម្រាប់កន្លែងដែលបម្រើសេវាដល់សាធារណៈជនប៉ុណ្ណោះទេ តែក៏សម្រាប់បុគ្គលិករបស់អាជីវកម្មផងដែរ។ បន្ទាប់ពីមានជំងឺឆ្លងជាសកលនេះ ការប្រើប្រាស់ប្រព័ន្ធបន្សុទ្ធខ្យល់មានការកើតឡើង ជាពិសេសនៅក្នុងភោជនីយដ្ឋាន និងនៅកន្លែងសន្និសីទ។ ការសិក្សានានាបង្ហាញថា ប្រព័ន្ធបន្សុទ្ធខ្យល់អាចមានប្រសិទ្ធភាពក្នុងការប្រឆាំងមេរោគ ទោះបីជាយើងមិនមានវិធីក្នុងការវាស់ស្ទង់កម្រិតមេរោគនៅក្នុងកន្លែងណាមួយក៏ដោយ។ វាត្រឹមត្រូវដែលនិយាយថាឧបករណ៍ទាំងនេះកំពុងជួយបង្កើនគុណភាពខ្យល់។ អតិថិជនចង់ទទួលបានខ្យល់បរិសុទ្ធតាមវិធីដែលមានប្រសិទ្ធភាពបំផុត តាមរយៈការប្រើប្រាស់ម៉ាស៊ីនត្រជាក់។
ជំរុញប្រសិទ្ធភាពតាមរយៈបច្ចេកវិទ្យា
តើអ្នកយល់យ៉ាងណាចំពោះបច្ចេកវិទ្យា nanoe™ X ក្នុងបរិបទនេះ?
តាមរយៈអ្វីដែលខ្ញុំបានសង្កេតឃើញ បច្ចេកវិទ្យានេះផ្ដល់ប្រសិទ្ធភាពក្នុងការប្រើប្រាស់ថាមពល និងប្រតិបត្តិការខ្ពស់ ដែលធ្វើឱ្យវាក្លាយជាបច្ចេកវិទ្យាដ៏មានប្រយោជន៍សម្រាប់ពិភពលោកក្នុងពេលបច្ចុប្បន្ន។
ជំងឺឆ្លងជាសកលនេះបានធ្វើឱ្យមានការខ្វះខាតបុគ្គលិកច្រើនក្នុងវិស័យបដិសណ្ឋារកិច្ច។ តើអ្នកយល់ថាបច្ចេកវិទ្យាដែលមានប្រសិទ្ធភាព និងប្រតិបត្តិការខ្ពស់ដូចជា nanoe™ X កំពុងជួយឱ្យអាជីវកម្មនានាដោះស្រាយបញ្ហានេះយ៉ាងដូចម្ដេច?
បច្ចេកវិទ្យាបែបនេះជួយឱ្យជីវិតកាន់តែមានភាពងាយស្រួល។ នៅពេលដែលអ្នកមិនមានមនុស្សគ្រប់គ្រាន់ អ្នកត្រូវការបំពាក់បច្ចេកវិទ្យាដែលគួរឱ្យជឿទុកចិត្ត ដើម្បីបំពេញភាពខ្វះចន្លោះនៅក្នុងសេវាកម្ម។ នៅពេលដែលអ្នកមានបច្ចេកវិទ្យាដែលអាចទុកចិត្តបាន អ្នកមានលទ្ធភាពក្នុងការចាត់ចែងធនធានដែលមានកំណត់របស់អ្នកសម្រាប់ផ្នែកផ្សេងទៀត។ អាជីវកម្មនានាកំពុងរងសម្ពាធខ្លាំងនៅឡើយ ដោយសារជំងឺឆ្លងជាសកលនេះ ដូច្នេះការវិវត្តនៃបច្ចេកវិទ្យាដូចជា nanoe™ X ដែលជួយឱ្យពួកគេផ្ដល់កម្រិតផាសុកភាពដ៏ត្រឹមត្រូវដោយចំណាយទាប អាចជួយពួកគេបានយ៉ាងធំធេង។
តើអ្នកយល់ថាអគារនានានឹងប្រើបច្ចេកវិទ្យាបន្សុទ្ធខ្យល់កាន់តែច្រើនក្នុងពេលអនាគតឆាប់ខាងមុននេះ ដើម្បីជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ពួកគេក្នុងការបង្កើនប្រសិទ្ធភាពប្រតិបត្តិការដែរទេ?
វាទំនងជាមានការកើនឡើង។ ការប្រើប្រាស់ប្រព័ន្ធខ្យល់ចេញចូលដ៏មានប្រសិទ្ធភាពបានកើនឡើងច្រើនរួចទៅហើយ។ ដូចគ្នានឹងអ្វីៗផ្សេងទៀតដែរ យើងត្រូវពិចារណាលើតុល្យភាពដែលត្រឹមត្រូវសម្រាប់បច្ចេកវិទ្យាដូច nanoe™ X។ ប្រសិនបើវាគឺជាអគារដែលមានស្រាប់ អ្នកត្រូវពិនិត្យមើលជាមុនសិនថាតើបច្ចេកវិទ្យានេះសមស្របផ្អែកតាមទម្រង់អគារបច្ចុប្បន្នឬអត់ និងរួមទាំងថាតើការវិនិយោគលើបច្ចេកវិទ្យានោះស្របនឹងការចំណាយឬអត់។ ប៉ុន្តែប្រសិនបើវាគឺជាអគារថ្មី ការបំពាក់បច្ចេកវិទ្យាប្រភេទនេះចាប់ពីដំបូងតែម្ដងគឺមានភាពសមស្រប។
ប្រវត្តិរូប
Jose Luis Cárdenas Dueñas
នាយកផ្នែកប្រតិបត្តិការរបស់ Quimera Energy Efficiency
Dueñas បានបញ្ចប់ការសិក្សាផ្នែកអនុបណ្ឌិតវិស្វកម្មថាមពល និងអនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្មដោយលោកមានបទពិសោធន៍ជាង 10 ឆ្នាំក្នុងវិស័យប្រសិទ្ធភាពថាមពល ដែលជួយឱ្យក្រុមហ៊ុននានាក្នុងវិស័យសណ្ឋាគារ និងអគារការិយាល័យ កាត់បន្ថយទាំងការប្រើប្រាស់ថាមពល និងសំណល់កាបូន។ បច្ចុប្បន្ននេះ ប្រតិបត្តិការរបស់ Quimera គ្របដណ្ដប់នៅមជ្ឈិមបូព៌ា ចិន អាមេរិកឡាទីន និងតំបន់ការ៉ាប៊ីន (LATAC) និងជប៉ុន។
អត្ថបទចុងក្រោយបំផុត
សូមចុចត្រង់នេះ ដើម្បីទាក់ទងមកយើងខ្ញុំពាក់ព័ន្ធនឹងផលិតផលដែលប្រើបច្ចេកវិទ្យា nanoe™ X